Monday, March 18, 2013

នួន ជា

Posted by Unknown on Monday, March 18, 2013 with No comments
រូបភាពយកពី wikipedia ខ្មែរ

នួនជា (ឈ្មោះដើម រុងឡឺត ឡាវឌី)
  កើតនៅ ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ១៩២៩ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៤២ នួន ជា បានទៅបន្ដថ្នាក់​មធ្យមសិក្សាកម្រិត២នៅទីក្រុងបាងកកដោយ រស់នៅវត្តបិណ្ឌចាម៉ាបូពិត។ នៅឆ្នាំ១៩៤៤ នួន ជា សិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យ ធម្មសាត្រ ដែលនៅទីនោះ នួន ជា បានចូលជាសមាជិកបក្សកុម្មុយនីស្ដថៃ។
          នួន ជា វិលត្រឡប់មកប្រទេសកម្ពុជានៅឆ្នាំ ១៩៥០ ហើយបានប្ដូរសមាជិកភាពរបស់​ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន។ នួន ជា បានចូលសិក្សាវគ្គហ្វឹកហ្វឺននៅ​ទីក្រុងហាណូយក្នុងឆ្នាំ ១៩៥៤ ហើយបានវិលត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ១៩៥៥។ នួន ជា ត្រូវបានជ្រើសរើសជាអនុលេខាបក្សពលករកម្ពុជានៅឆ្នាំ ១៩៦០។
          ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា ត្រូវបានជ្រើសតាំងជាប្រធានសភាតំណាង​ប្រជាជនម្ពុជា។ នួន ជា ក៏មានតំណែងជាអនុលេខាគណៈកម្មាធិការមជ្ឍិម និង គណៈកម្មាធិការអចិន្រ្តៃយ៍បក្សផងដែរ។ នួន ជា ដើរតួនាទីសំខាន់ក្មុងបញ្ហាសន្ដិសុខ ហើយក្នុងនាមជាកម្មាភិបាលជាន់ខ្ពស់សំដាប់ទីពីរ នួន ជា ទទួលខុសត្រូវក្នុងការអនុវត្ត​គោលនយោបាយឃោរឃៅជាច្រើន ដែលបានអនុម័តឲ្យអនុវត្តដោយគណៈកម្មាធិការ​អចិន្រ្តៃយ៍បក្ស។ មានការជឿជាក់ថា នួន ជា ធ្លាប់ទទួលបន្ទុកគ្រប់គ្រងលើមន្ទីរសន្ដិសុខ​របស់កម្ពុជាប្រជាធិបតេយ្យ រាប់ទាំងមន្ទីរស-២១ (ទួលស្លែង)។
          នួន ជា បាននិទេសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅឆ្នាំ ១៩៧៩។ នួន ជា ជាមួយ ខៀវ សផន បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៥ ខែ ឆ្នូ ឆ្នាំ ១៩៩៨ បន្ទាប់ពី​មរណភាពរបស់ ប៉ុល ពត។
          នួន ជា ត្រូវបានចាប់ខ្លួន និង ឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៧ ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
នៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នួន ជា ត្រូវបានចោទប្រកាន់ពីបទឩក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើបំពាបំពានយ៉ាងធ្ងន់ធ្ងរទៅ​លើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៤៩ អំពើប្រល័យពូជសាសន៍ ការធ្វើមនុស្សឃាត ការធ្វើទារុណកម្ម ការដាក់ឃុំឃុំាំង ការធ្វើទុក្ខបុកម្នេញ ការសម្លាប់បំផុតពូជ ការនិរទេស ការជម្លៀសប្រជាពលរដ្ឋដោយបង្ខំ ការដាក់ជាទាសករ និង អំពើអមនុស្សធម៌ដទៃទៀត ព្រមទាំងបទឩក្រិដ្ឋកម្មសង្រ្គាម ការសម្លាប់ដោយអចេតនា កាធ្វើទារុណកម្ម ការប្រព្រឹត្តអមនុស្សធម៌ ការបង្កព្យសនកម្មធ្ងន់ធ្ងរ ឫ ការធ្វើឲ្យឈឺចាប់ខ្លាំង​ដោយចេតនាដល់រាងកាយ​និង សុខភាព ការដកហូតដោយចេតនានូវសិទ្ធិទទួលបានការ​ជំនុំជម្រះក្ដីដោយយុតិធម៌ ការនិរទេស ឫ ជម្លៀសដោយបង្ខំ ឫការបង្ខាំង ជនស៊ីវិលដោយ​ខុសច្បាប់។ នួន ជា ក៏ត្រូវបានចោទប្រកាន់ថែមអំពីបទមនុស្សឃាតដោយ ចេតនា ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញលើសាសនាក្រោមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ​ ១៩៥៦។
          នួន ជា​ កំពុងត្រូវបានការពារដោយមេធាវីកម្ពុជាម្នាក់ឈ្មោះ សុន អរុណ ដែលមាន​បទពីសោធន៍ ក្នុងការការពារជនកម្ពុជាដែលត្រូវបានចោទពីបទឩក្រិដ្ឋធ្ងន់ធ្ងរ ព្រមជាមួយមេធាវីអន្ដរជាតិ២នាក់ផ្សេងទៀតដែលម្នាក់មកពីប្រទេស ហុឡង់ដ៏ ឈ្មោះ
ម៉ាយខើល ផែសមែន (Michael Pestman) និងម្នាក់ទៀតឆ្មោះ វិកទ័រ កូបពេ (Victor Koppe)
          ហើយសព្វថ្ងៃនេះ​នួន ជា កុំពុងឃុំខ្លួនបណ្ដោះអាសន្នដើម្បីរកចាំការកាត់ក្ដី។

(អត្ថបទដកស្រង់ចេញពី សៀវភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ  និង សៀវភៅ ប្រលៃពូជសាសន៍ នៃ មជ្ឍមណ្ឌលឯកសារកម្ពុជា)

0 comments:

Post a Comment